គោលនយោបាយសំណងសម្រាប់ការខូចខាតដោយការប្រើប្រាស់មិនត្រឹមត្រូវនៃសេវាផ្ទេរប្រាក់អន្តរជាតិ
គោលនយោបាយសំណងសម្រាប់ការខូចខាត ដោយការប្រើប្រាស់មិនត្រឹមត្រូវនៃសេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិរបស់ក្រុមហ៊ុន (តទៅនេះហៅថា “សេវាកម្មនេះ”) មានចែងដូចខាងក្រោម។ លុះត្រាតែមានការចែងផ្សេងពីនេះ និយមន័យនៃវាក្យសព្ទត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។
១. ការផ្ដល់ឬមិនផ្ដល់សំណង ខ្លឹមសារនៃសំណង និងលក្ខខណ្ឌនៃសំណងសម្រាប់ស្ថានភាពជាក់លាក់នីមួយៗដែលអាចបណ្តាលឲ្យអ្នកប្រើប្រាស់សេវាកម្មនេះអាចទទួលរងការខាតបង់
ស្ថានភាពដែលក្រុមហ៊ុនសន្មតថាការខាតបង់អាចនឹងកើតឡើងចំពោះសមាជិកនៃសេវាកម្មនេះ (តទៅនេះហៅថា “អ្នកប្រើប្រាស់”) មានដូចខាងក្រោម៖
(១) ចំពោះសេវាផ្ទេរប្រាក់អន្តរជាតិ តតិយជនទុច្ចរិតទទួលបានលេខសម្ងាត់ជាអាទិ៍ដោយមិនត្រឹមត្រូវ ហើយក្លែងបន្លំជាសមាជិក ហើយផ្ទេរ ឬដកប្រាក់ពីគណនីបម្រុងផ្ទេរប្រាក់ដោយមិនត្រឹមត្រូវ
(២) ចំពោះសេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិ តតិយជនទុច្ចរិតទទួលបានលេខយោងជាអាទិ៍ដោយមិនត្រឹមត្រូវ ហើយក្លែងបន្លំធ្វើជាសមាជិកដើម្បីទទួលយកប្រាក់ដែលបានផ្ទេរដោយមិនត្រឹមត្រូវ
ការផ្តល់ ឬមិនផ្តល់សំណងដល់អ្នកប្រើប្រាស់ សម្រាប់ការខូចខាតដែលកើតឡើងដូចស្ថានភាពខាងលើនេះ មានដូចខាងក្រោម៖
ក្នុងករណីក្រុមហ៊ុនប្រព្រឹត្តកំហុសដោយចេតនា ឬការធ្វេសប្រហែសទាក់ទងនឹងប្រតិបត្តិការដែលបណ្តាលឲ្យមានការខូចខាតនោះ ក្រុមហ៊ុននឹងផ្តល់សំណងដល់អ្នកប្រើប្រាស់សម្រាប់ការខាតបង់ដែលបានកើតឡើងដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។ ចំពោះសំណងនេះ ចំនួនទឹកប្រាក់ចុងក្រោយនៃសំណង នឹងត្រូវបានកំណត់ដោយពិចារណាលើកម្រិតនៃការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ជាអាទិ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់បានទទួលសំណងពីភាគីផ្សេងក្រៅពីក្រុមហ៊ុន ចំនួនសំណងដែលទទួលបាននឹងត្រូវកាត់ចេញពីចំនួននោះ។
ប៉ុន្ដែ ក្រុមហ៊ុននឹងមិនទូទាត់សំណងសម្រាប់ការខាតបង់ទាំងអស់ ឬមួយផ្នែក ចំពោះករណីដូចខាងក្រោម
- ក្នុងករណី (១) ខាងលើ ប្រសិនបើសមាជិកមិនបានគ្រប់គ្រងលេខសម្ងាត់ឲ្យបានត្រឹមត្រូវ
- ក្នុងករណី(២) ខាងលើ ប្រសិនបើសមាជិក ឬអ្នកស្នើសុំផ្ទេរប្រាក់មិនបានគ្រប់គ្រងលេខយោងឲ្យបានត្រឹមត្រូវ
- ក្នុងករណីការខាតបង់កើតឡើងដោយសារកំហុសចេតនា ឬការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់
- ក្នុងករណីការខាតបង់កើតឡើងដោយសារសកម្មភាពរបស់សមាជិកគ្រួសារ ឬសាច់ញាតិជាអាទិ៍ដែលរស់នៅជាមួយអ្នកប្រើប្រាស់
- ក្នុងករណីអ្នកប្រើប្រាស់ផ្តល់ការពន្យល់មិនពិតដល់ក្រុមហ៊ុនអំពីអង្គហេតុដែលទាក់ទងនឹងការខាតបង់នោះ ឬមិនសហការក្នុងការស៊ើបអង្កេតរកការពិត
- ក្នុងករណីការខាតបង់កើតឡើងដោយសារភាពចលាចលក្នុងសង្គម ដូចជាសង្រ្គាម ឬកុប្បកម្មជាអាទិ៍
២. ចំណុចទាក់ទងនឹងការផ្ដល់ឬមិនផ្ដល់សំណង ខ្លឹមសារនៃសំណង និងលក្ខខណ្ឌនៃសំណងសម្រាប់ស្ថានភាពជាក់លាក់នីមួយៗ ដែលការខាតបង់អាចនឹងកើតឡើងចំពោះភាគីផ្សេងក្រៅពីអ្នកប្រើប្រាស់សេវាកម្មនេះ និងការបែងចែកបន្ទុកសំណងរវាងក្រុមហ៊ុននិងដៃគូសហប្រតិបត្តិការ។
ស្ថានភាពដែលក្រុមហ៊ុនសន្មតថាអាចនឹងបង្កឱ្យមានការខាតបង់ដល់ភាគីផ្សេងទៀតក្រៅពីសមាជិកសេវាកម្មនេះ (តទៅនេះហៅថា “អ្នកមិនប្រើប្រាស់”) មានដូចខាងក្រោម៖
(១) ក្នុងករណីតតិយជនទុច្ចរិត ក្លែងបន្លំជាអ្នកមិនប្រើប្រាស់ បានចុះឈ្មោះជាសមាជិកនៃសេវាកម្មនេះ បន្ទាប់មកភ្ជាប់គណនីបំរុងផ្ទេរប្រាក់និងគណនីបញ្ញើដែលមានឈ្មោះអ្នកមិនប្រើប្រាស់តាមរយៈការផ្ទេរទៅគណនីផ្ទាល់ ហើយផ្ទេរ ឬដកប្រាក់ពីគណនីបញ្ញើដែលមានឈ្មោះអ្នកមិនប្រើប្រាស់ដោយមិនត្រឹមត្រូវ។
ការផ្ដល់ឬមិនផ្ដល់សំណងដល់អ្នកមិនប្រើប្រាស់ សម្រាប់ការខូចខាតដែលកើតឡើងក្នុងករណីខាងលើ មានដូចខាងក្រោម៖
ក្រុមហ៊ុននឹងទូទាត់សំណងសម្រាប់ចំនួនទឹកប្រាក់ដែលបានផ្ទេរ ឬដកប្រាក់ពីគណនីសន្សំដែលមានឈ្មោះអ្នកមិនប្រើប្រាស់តាមរយៈការផ្ទេរទៅគណនីផ្ទាល់ ទាក់ទងនឹងប្រតិបត្តិការដែលមានការខូចខាត។ ចំពោះសំណងនេះ ក្រុមហ៊ុននឹងពិចារណាលើការផ្តល់សំណង ឬមិនផ្តល់សំណង និងទំហំសំណងជាអាទិ៍ ដោយយោងទៅលើគោលគំនិតនៃសំណងដែលមានចែងក្នុងកិច្ចព្រមព្រៀងស្តីពីការប្រគល់ប្រាក់បញ្ញើដែលមិនត្រឹមត្រូវតាមរយៈធនាគារអ៊ីនធឺណិត (Internet Banking) ដែលបានបង្ហាញជាសាធារណៈដោយសមាគមធនាគារជប៉ុន។ ប្រសិនបើអ្នកមិនប្រើប្រាស់ បានទទួលសំណងពីភាគីផ្សេងក្រៅពីក្រុមហ៊ុន ចំនួនសំណងដែលទទួលបាននឹងត្រូវកាត់ចេញពីចំនួននោះ។
លើសពីនេះទៀត ជាគោលការណ៍ក្រុមហ៊ុននឹងទទួលយកការសាកសួរពីអ្នកមិនប្រើប្រាស់ទាក់ទងនឹងសំណង ហើយនឹងដោះស្រាយសំណងជូន បន្ទាប់ពីធ្វើការពិភាក្សាជាមួយនឹងដៃគូសហប្រតិបត្តិការ។ ការបែងចែកបន្ទុកសំណងរវាងក្រុមហ៊ុន និងដៃគូសហប្រតិបត្តិការ នឹងត្រូវសម្រេចដោយការពិភាក្សាជាមួយដៃគូសហប្រតិបត្តិការ ដោយពិចារណាពី ភាពមានឬគ្មានមូលហេតុដែលនាំឲ្យមានការទទួលខុសត្រូវ និងទំហំនៃហេតុដែលនាំឲ្យមានការទទួលខុសត្រូវជាអាទិ៍។
ប៉ុន្ដែ ក្រុមហ៊ុននឹងមិនទូទាត់សំណងសម្រាប់ការខាតបង់ទាំងអស់ ឬមួយផ្នែក នៅក្នុងករណីដូចខាងក្រោម៖
- ក្នុងករណីការខាតបង់កើតឡើងដោយសារកំហុសចេតនា ឬការធ្វេសប្រហែសរបស់អ្នកមិនប្រើប្រាស់
- ក្នុងករណីការខាតបង់កើតឡើងដោយសារសកម្មភាពរបស់សមាជិកគ្រួសារ ឬសាច់ញាតិជាអាទិ៍ដែលរស់នៅជាមួយអ្នកមិនប្រើប្រាស់
- ក្នុងករណីអ្នកមិនប្រើប្រាស់ ផ្តល់ការពន្យល់មិនពិតដល់ក្រុមហ៊ុនអំពីអង្គហេតុដែលទាក់ទងនឹងការបាត់បង់នោះ ឬមិនសហការក្នុងការស៊ើបអង្កេតរកការពិត
- ក្នុងករណីការខាតបង់កើតឡើងដោយសារភាពចលាចលក្នុងសង្គម ដូចជាសង្រ្គាម ឬកុប្បកម្មជាអាទិ៍
៣. ខ្លឹមសារនៃនីតិវិធីសំណង
ក្នុងករណី អ្នកប្រើប្រាស់ ឬអ្នកមិនប្រើប្រាស់ទាមទារសំណងពីក្រុមហ៊ុនសម្រាប់ការខាតបង់ដែលកើតឡើងដោយសារប្រតិបត្តិការមិនត្រឹមត្រូវ សូមទាក់ទងផ្នែកពិគ្រោះយោបល់ដែលមានចែងក្នុងកថាខណ្ឌទី៤ ក្នុងរយៈពេល៦០ថ្ងៃចាប់ពីថ្ងៃដែលការខាតបង់បានកើតឡើង ដោយត្រូវដាក់ទម្រង់ពាក្យស្នើសុំសំណងដែលមានចែងក្នុងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនដែលមានព័ត៌មានខាងក្រោម រួមជាមួយនឹងឯកសារភស្ដុតាងដើម្បីផ្ទៀងផ្ទាត់អង្គហេតុ។
- (១) ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលរងការខូចខាតនោះ
- (២) ចំនួននៃការខាតបង់ដែលបានកើតឡើង
- (៣) អង្គហេតុ និងដំណើររឿងទាក់ទងការខាតបង់ដែលបានកើតឡើង
- (៤) ចំណុចផ្សេងទៀតដែលក្រុមហ៊ុនបានស្នើឱ្យជូនដំណឹង
លើសពីនេះទៀត អ្នកប្រើប្រាស់ ឬអ្នកមិនប្រើប្រាស់ត្រូវជូនដំណឹងអំពីការខូចខាតទៅប៉ូលីស។
៤. បញ្ជរពិគ្រោះយោបល់អំពីសំណង និងព័ត៌មានទំនាក់ទំនង
ការពិភាក្សាអំពីសំណងអាចធ្វើឡើងដូចខាងក្រោម
〒112-0012
Tokyo, Bunkyo City, Otsuka, 2 Chome-9-3 Sumitomo Fudosan Otowa Bldg 4F
SBI Remit Co., Ltd. ផ្នែកបម្រើអតិថិជន
ទូរស័ព្ទ៖ ០៣-៥៦៥២-៦៧៥៩
អ៊ីមែល៖ support@remit.co.jp
ម៉ោងធ្វើការ៖ (ថ្ងៃធ្វើការ) ៩:០០-១៨:០០
*មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី និងថ្ងៃឈប់សម្រាកដែលក្រុមហ៊ុនបានកំណត់
៥. ស្តង់ដារនៃការបង្ហាញជាសាធារណៈអំពីប្រតិបត្តិការមិនត្រឹមត្រូវ
ក្នុងករណីប្រតិបត្តិការមិនត្រឹមត្រូវដូចបានចែងខាងលើបានកើតឡើង ដោយពិចារណាពីលក្ខណៈនៃប្រតិបត្តិការមិនត្រឹមត្រូវ ក្រុមហ៊ុនអាចបង្ហាញព័ត៌មានចាំបាច់ភ្លាមៗ ប្រសិនបើបានកំណត់ថាជាការចាំបាច់ដើម្បីការពារការរីករាលដាលនៃការខូចខាត ដែលមានប្រយោជន៍ក្នុងការទប់ស្កាត់ការកើតឡើងនូវករណីស្រដៀងគ្នា ឬនៅពេលដែលត្រូវបានទទួលស្គាល់ថាមានផលប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ។
«ចប់»
SBI Remit Co., Ltd.
រៀបចំនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
វិសោធនកម្ម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
វិសោធនកម្ម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
(ការបកប្រែនេះត្រូវបានផ្តល់ជូនសម្រាប់ការយល់ដឹងរបស់អតិថិជន ហើយក្នុងករណីដែលមានភាពខុសគ្នារវាងអត្ថបទបកប្រែជាភាសានីមួយៗជាមួយនឹងភាសាជប៉ុន ភាសាជប៉ុនត្រូវមានអាទិភាព។)



