បទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ(កិច្ចព្រមព្រៀងពិសេសសម្រាប់កម្មវិធីផ្ដល់ពិន្ទុ)

ប្រការ ១ (គោលបំណង)

កិច្ចព្រមព្រៀងពិសេសសម្រាប់កម្មវិធីផ្ដល់ពិន្ទុនេះ (តទៅនេះហៅថា “កិច្ចព្រមព្រៀងពិសេសនេះ”)គឺ កំណត់លក្ខខណ្ឌផ្សេងៗសម្រាប់ការផ្តល់កម្មវិធីពិន្ទុ (តទៅនេះហៅថា “កម្មវិធីនេះ”) របស់ក្រុមហ៊ុន SBI Remit Co., Ltd. (តទៅនេះហៅថា “ក្រុមហ៊ុន”) ។

ប្រការ ២ (ទំនាក់ទំនងនៃការអនុវត្ត)

  • ១. កិច្ចព្រមព្រៀងពិសេសនេះជាផ្នែកមួយនៃបទប្បញ្ញត្តិស្តីពី​ប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ (មានន័យថាទាក់ទងនឹងការផ្ដល់សេវាផ្ទេរប្រាក់ប្រភេទទី២ ដែលតទៅនេះហៅថា “បទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ”) ដែលក្រុមហ៊ុនបង្កើតឡើងដោយឡែកពីគ្នា។ បទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិត្រូវអនុវត្ត ចំពោះចំណុចដែលមិនមានចែងទាក់ទងនឹងកម្មវិធីនេះដែលចែងក្នុងកិច្ចព្រមព្រៀងពិសេសនេះ។
  • ២. ករណីមានភាពខុសគ្នារវាងបទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ និងកិច្ចព្រមព្រៀងពិសេសនេះ កិច្ចព្រមព្រៀងពិសេសនេះត្រូវមានអាទិភាព។
  • ៣. ចំណុចទាក់ទងនឹងកម្មវិធីនេះ ដែលមិនបានចែងនៅក្នុងកិច្ចព្រមព្រៀងពិសេសនេះនឹងត្រូវអនុវត្តតាមខ្លឹមសារដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនជាអាទិ៍។
  • ៤. លើកលែងតែមានការចែងផ្សេងពីនេះ វាក្យសព្ទដែលប្រើក្នុងកិច្ចព្រមព្រៀងពិសេសនេះ ត្រូវអនុវត្តតាមនិយមន័យដែលកំណត់ក្នុងបទប្បញ្ញត្តិស្តីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។
  •  

     

    ប្រការ ៣ (កម្មវត្ថុនៃកម្មវិធីនេះ)

    កម្មវិធីនេះសម្រាប់តែសមាជិកជាបុគ្គល ក្នុងចំណោមសមាជិកដែលបានកំណត់ក្នុងបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។ កម្មវិធីនេះមិនមានសម្រាប់សមាជិកសាជីវកម្មទេ ហើយពិន្ទុដូចមានចែងក្នុងប្រការ៤ នឹងមិនត្រូវបានផ្តល់ជូនឡើយ។

    ប្រការ៤ (ការផ្តល់ពិន្ទុ)

    • ១. ប្រសិនបើអតិថិជនបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់ដោយក្រុមហ៊ុន ក្រុមហ៊ុននឹងផ្តល់ជូននូវចំនួនជាក់លាក់នៃ “Remit Points” (តទៅនេះហៅថា “ពិន្ទុ”) តាមវិធីសាស្ត្រដែលក្រុមហ៊ុន​កំណត់។
    • ២. ព័ត៌មានលម្អិតទាក់ទងនឹងលក្ខខណ្ឌនៃការផ្តល់ពិន្ទុ ចំនួនពិន្ទុដែលត្រូវផ្តល់ ពេលវេលានៃពិន្ទុដែលត្រូវបានផ្តល់ជាអាទិ៍ នឹងត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន។
    •  

       

      ប្រការ៥ (ការពិនិត្យមើលពិន្ទុ)

      អតិថិជនអាចពិនិត្យមើលសមតុល្យពិន្ទុរបស់ខ្លួនបាន នៅលើទំព័រសេវាកម្មនៃគេហទំព័ររបស់ក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន។

      ប្រការ ៦ (ការប្រើប្រាស់ពិន្ទុ)

      • ១. នៅពេលអតិថិជនប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈការផ្ទេរប្រាក់តាមអ៊ីនធឺណិត ឬការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ អតិថិជនអាចប្រើពិន្ទុដែលខ្លូនមាន ដើម្បីកាត់កងបង់ថ្លៃសេវាផ្ទេរប្រាក់ស្របតាមវិធីសាស្រ្តដែលបានកំណត់ដោយក្រុមហ៊ុន ដោយ ១ ពិន្ទុស្មើនឹង ១ យ៉េន។
      • ២. ទោះបីជាមានកថាខណ្ឌខាងលើក៏ដោយ ក្រុមហ៊ុនអាចផ្តល់ពិន្ទុដែលការប្រើប្រាស់ពិន្ទុនិងលក្ខខណ្ឌប្រើប្រាស់ពិន្ទុមានលក្ខណៈខុសៗគ្នា។ ក្នុងករណីនេះ ព័ត៌មានលម្អិតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនជាដើម។
      • ៣. អតិថិជនមិនអាចបំប្លែងពិន្ទុ ទៅជាសាច់ប្រាក់ ឬផ្ទេរពិន្ទុ ទៅឱ្យភាគីទីបីបានទេ។

       

       

      ប្រការ៧ (ការផុតសុពលភាពរបស់ពិន្ទុ)

      • ១. សុពលភាពរបស់ពិន្ទុត្រូវផុតកំណត់នៅកាលបរិច្ឆេទដែលបានចែងក្នុងចំណុចលេខ១។ ទោះយ៉ាងណាក៏ដោយ សម្រាប់ជនបរទេសដែលមានសុពលភាពស្នាក់នៅ សុពលភាពរបស់ពិន្ទុគឺត្រូវផុតកំណត់ នៅកាលបរិច្ឆេទណាមួយដែលដល់កំណត់លឿងជាង ដែលមានចែងក្នុងចំណុចលេខ១ ឬចំណុចលេខ២ ។
      • (១) គិតចាប់ពីថ្ងៃដែលពិន្ទុត្រូវបានផ្តល់ជូនហើយកន្លងផុតរយៈពេល៦ខែនៃថ្ងៃចុងក្រោយនៃខែនោះ
        (២) កាលបរិច្ឆេទផុតកំណត់នៃរយៈពេលស្នាក់នៅរបស់អតិថិជន (ប្រសិនបើបានធ្វើនីតិវិធីពន្យាររយៈពេលស្នាក់នៅត្រឹមថ្ងៃផុតកំណត់នៃរយៈពេលស្នាក់នៅ គឺកាលបរិច្ឆេទផុតកំណត់នៃរយៈពេលស្នាក់នៅបន្ទាប់ពីពន្យាររយៈពេលស្នាក់នៅរួច) ។
        • ២. ទោះបីជាមានកថាខណ្ឌខាងលើក៏ដោយ ក្រុមហ៊ុនអាចផ្តល់ពិន្ទុជាមួយនឹងកាលបរិច្ឆេទផុតកំណត់ផ្សេងៗគ្នា។ ក្នុងករណីនេះ ព័ត៌មានលម្អិតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនជាដើម។
        •  

           

          ប្រការ ៨ (ការបាត់បង់សុពលភាពពិន្ទុ)

          • ១. ក្នុងករណីណាមួយដូចចំណុចខាងក្រោម ពិន្ទុដែលមានកំណត់ក្នុងចំណុចនោះ នឹងត្រូវបាត់បង់សុពលភាពភ្លាមៗ៖
          • (១) ប្រសិនបើកាលបរិច្ឆេទផុតកំណត់ដែលមានចែងក្នុងកថាខណ្ឌខាងលើដល់កាលកំណត់
            ពិន្ទុទាំងអស់ដែលដល់កាលកំណត់
            (២) ប្រសិនបើការចុះឈ្មោះសមាជិកភាពរបស់អតិថិជនត្រូវបានលុបចោលស្របតាមបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ
            ពិន្ទុទាំងអស់ដែលអតិថិជនមាន
            (៣) ប្រសិនបើកម្មវិធីនេះត្រូវបានបញ្ចប់ដោយអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពិសេសនេះ
            ពិន្ទុទាំងអស់ដែលអតិថិជនមាន
            (៤) ហេតុផលផ្សេងទៀតដែលក្រុមហ៊ុនយល់ថាសមស្របក្នុងការបញ្ចប់សុពលភាពពិន្ទុ
            ពិន្ទុដែលក្រុមហ៊ុនយល់ថាសមស្របក្នុងការបញ្ចប់សុពលភាព
            • ២. ទោះបីជាការបាត់បង់សុពលភាពពិន្ទុស្របតាមកថាខណ្ឌខាងលើក៏ដោយ អតិថិជនមិនអាចស្នើសុំឱ្យក្រុមហ៊ុនផ្តល់ពិន្ទុឡើងវិញ ឬចាត់វិធានការសំណងផ្សេងជំនួសពិន្ទុបានឡើយ។
            •  

               

              ប្រការ៩ (ការលុបចោលពិន្ទុ)

              • ១. ប្រសិនបើក្រុមហ៊ុនយល់ថាអតិថិជនស្ថិតនៅក្នុងចំណុចណាមួយខាងក្រោម ក្រុមហ៊ុនអាចលុបចោលពិន្ទុមួយចំនួន ឬទាំងអស់របស់អតិថិជនដោយមិនចាំបាច់ជូនដំណឹងជាមុន។
              • (១) ប្រសិនបើមានការប្រព្រឹត្តអំពើខុសច្បាប់ ឬសកម្មភាពមិនត្រឹមត្រូវ
                (២) ប្រសិនបើអតិថិជនបានបំពានលើកិច្ចព្រមព្រៀងពិសេសនេះ បទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ ឬលក្ខខណ្ឌ និងច្បាប់ផ្សេងទៀតដែលបានកំណត់ដោយក្រុមហ៊ុន
                (៣) ប្រសិនបើពិន្ទុត្រូវបានផ្តល់តាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ ហើយការផ្ទេរប្រាក់អន្តរជាតិនោះត្រូវបានលុបចោល
                (៤) ប្រសិនបើក្រុមហ៊ុនយល់ថាសមស្របក្នុងការលុបចោលពិន្ទុដែលបានផ្តល់ជូនអតិថិជន។
                • ២. ប្រសិនបើក្រុមហ៊ុនលុបចោលពិន្ទុស្របតាមកថាខណ្ឌខាងលើ ក្រុមហ៊ុនអាចដក ឬទូទាត់តាមលំដាប់ដូចខាងក្រោម៖
                • (១) ប្រសិនបើមានពិន្ទុនៅសល់ដែលត្រូវលុបចោល ក្រុមហ៊ុននឹងដកពិន្ទុទាំងនោះចេញ
                  (២) ប្រសិនបើគ្មានពិន្ទុនៅសល់ដែលត្រូវលុបចោលទេ ក្រុមហ៊ុននឹងដកចំនួនពិន្ទុដែលត្រូវលុបចោលពីពិន្ទុផ្សេងទៀតដែលអតិថិជនមាន
                  (៣) ប្រសិនបើចំនួនពិន្ទុដែលអតិថិជនមាន ហើយមានចំនួនតិចជាងចំនួនពិន្ទុដែលត្រូវលុបចោល អតិថិជននឹងត្រូវតម្រូវឱ្យទូទាត់ពិន្ទុដែលនៅខ្វះនោះជាសាច់ប្រាក់ ឬតាមមធ្យោបាយផ្សេងទៀតដែលកំណត់ដោយក្រុមហ៊ុន។
                  • ៣. ទោះបីជាមានបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិក៏ដោយ ប្រសិនបើអតិថិជនបានប្រើពិន្ទុដើម្បីកាត់កងទូទាត់ថ្លៃផ្ទេរប្រាក់ ហើយពិន្ទុទាំងនោះក្លាយជាកម្មវត្ថុនៃការលុបចោល ក្រុមហ៊ុនអាចរំលាយកិច្ចសន្យាផ្ទេរប្រាក់ ឬផ្អាកដំណើរការផ្ទេរប្រាក់។
                  • ៤. ទោះបីជាមានបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិក៏ដោយ ប្រសិនបើអតិថិជនបានប្រើពិន្ទុដើម្បីកាត់កងទូទាត់ថ្លៃផ្ទេរប្រាក់ បន្ទាប់មកមានហេតុផលដែលក្រុមហ៊ុនត្រូវបង្វិលសងប្រាក់ថ្លៃផ្ទេរប្រាក់ជូនអតិថិជនវិញ ក្រុមហ៊ុននឹងបង្វិលសងពិន្ទុនោះជូនអតិថិជនវិញ ប៉ុន្តែក្រុមហ៊ុនមិនមានកាតព្វកិច្ចក្នុងការបង្វិលសងវិញជាសាច់ប្រាក់ឡើយ។
                  •  

                    ប្រការ១០ (ពន្ធ និងការចំណាយ)

                    ប្រសិនបើពន្ធ ឬការចំណាយផ្សេងទៀតកើតឡើងទាក់ទងនឹងការទទួលពិន្ទុ ឬការប្រើប្រាស់ពិន្ទុ អតិថិជនត្រូវទទួលខុសត្រូវលើការចំណាយទាំងនោះ។

                     

                    ប្រការ១១ (ការលើកលែងទំនួលខុសត្រូវ)

                    • ១.​ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះអតិថិជន ឬភាគីទីបីចំពោះការខូចខាតណាមួយដែលបណ្តាលមកពីហេតុផលដូចខាងក្រោមនេះឡើយ។
                    • (១) នៅពេលការផ្តល់កម្មវិធីនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយករណីប្រធានសក្តិ ដូចជា គ្រោះធម្មជាតិ អគ្គីភ័យ គ្រោះមហន្តរាយជាអាទិ៍ បញ្ហានៃឧបករណ៍ទំនាក់ទំនង ខ្សែបណ្ដាញ និងកុំព្យូទ័ររបស់អតិថិជន ឬភាគីទីបីដែលប្រកបអាជីវកម្មទូរគមនាគមន៍ ឬបញ្ហាទូរស័ព្ទ ឬវិធានការរបស់ស្ថាប័នរដ្ឋ ដូចជាតុលាការជាអាទិ៍ ដែលមិនមែនបណ្តាលមកពីកំហុសរបស់ក្រុមហ៊ុន។
                      (២) នៅពេលការផ្តល់កម្មវិធីនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយសារបញ្ហាម៉ាស៊ីនទូទាត់ប្រាក់ ខ្សែទំនាក់ទំនង ឬកុំព្យូទ័រជាអាទិ៍ បើទោះបីជាក្រុមគ្រប់គ្រងប្រព័ន្ធរបស់ក្រុមហ៊ុនបានចាត់វិធានការសុវត្ថិភាពដោយសមស្របហើយក៏ដោយ។
                      (៣) នៅពេលការផ្តល់កម្មវិធីនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយសារហេតុផលដែលបណ្ដាលមកពីកំហុសរបស់អតិថិជន ឬភាគីទីបី ដូចជាការខុសឈ្មោះរបស់អ្នកទទួលប្រាក់បញ្ញើផ្សេងទៀតជាដើម។
                      • ២. អនុលោមតាមបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ ក្រុមហ៊ុនអាចដាក់កម្រិតលើការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់អតិថិជនបាន។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវឡើយ ទោះបីជាក្នុងករណីការប្រើប្រាស់ពិន្ទុរបស់អតិថិជនត្រូវបានកម្រិតបែបនោះក៏ដោយ។
                      • ៣. អនុលោមតាមបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជននៅពេលអតិថិជនចូលទៅទំព័រសេវាកម្មនៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន។ ប្រសិនបើតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ ក្រុមហ៊ុនបានកំណត់ថាអតិថិជនជាអ្នកប្រើប្រាស់ស្របច្បាប់ ប៉ុន្ដែបន្ទាប់មកមានការក្លែងបន្លំ ការផ្លាស់ប្តូរ ការលួច ឬការប្រើប្រាស់លេខសម្ងាត់ដោយភាគីទីបីដោយគ្មានការអនុញ្ញាតជាដើមក៏ដោយ ក្រុមហ៊ុននឹងមិនបង្វិលសងពិន្ទុដែលបានប្រើនោះទេ ហើយក្រុមហ៊ុនក៏មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្ដាលមកពីហេតុផលបែបនេះឡើយ។
                      •  

                         

                        ប្រការ១២ (ការផ្លាស់ប្តូរកិច្ចព្រមព្រៀងពិសេសនេះ)

                        ក្នុងករណីខ្លះក្រុមហ៊ុនអាចនឹងផ្លាស់ប្តូរខ្លឹមសារនៃកិច្ចព្រមព្រៀងពិសេសនេះ (រួមមាន តែមិនកំណត់ចំពោះ ការលុបចោលពិន្ទុ ការផ្អាកការផ្តល់ពិន្ទុ ការផ្លាស់ប្តូរទៅកាន់គេហទំព័រ ឬប្រតិបត្តិការ និងការផ្លាស់ប្តូរចំពោះអត្រាផ្ដល់ពិន្ទុ ឬអត្រាប្រើប្រាស់ពិន្ទុ)។ ក្នុងករណីនេះ ក្រុមហ៊ុននឹងជូនដំណឹងអំពីគោលបំណងនៃការផ្លាស់ប្តូរ កាលបរិច្ឆេទមានសុពលភាពនៃការផ្លាស់ប្តូរ និងខ្លឹមសារនៃការផ្លាស់ប្តូរ ដោយបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុនត្រឹមកាលបរិច្ឆេទមានសុពលភាព បន្ទាប់ពីកាលបរិច្ឆេទមានសុពលភាព ខ្លឹមសារក្រោយការផ្លាស់ប្ដូរនឹងត្រូវបានយកមកប្រើប្រាស់។

                         

                        ប្រការ១៣ (ច្បាប់គ្រប់គ្រង និងសមត្ថកិច្ចតាមការព្រមព្រៀង)

                        • ១. ច្បាប់គ្រប់គ្រងចំពោះប្រតិបត្តិការរវាងក្រុមហ៊ុន និងអតិថិជនដោយយោងតាមកិច្ចព្រមព្រៀងពិសេសនេះ គឺជាច្បាប់របស់ប្រទេសជប៉ុន។
                        • ២. ប្រសិនបើមានវិវាទរវាងក្រុមហ៊ុន និងអតិថិជនទាក់ទងនឹងកិច្ចព្រមព្រៀងពិសេសនេះ តុលាការតំបន់ទីក្រុងតូក្យូ គឺជាតុលាការមានសមត្ថកិច្ចផ្តាច់មុខសម្រាប់ការជំនុំជម្រះលើកទី១។
                        • ៣. ប្រសិនបើមានភាពខុសគ្នារវាងការបកប្រែនៃកិច្ចព្រមព្រៀងពិសេសនេះ និងកិច្ចព្រមព្រៀងពិសេសជាភាសាជប៉ុន កិច្ចព្រមព្រៀងពិសេសជាភាសាជប៉ុនត្រូវមានអាទិភាព។
                        •  

                           

                          • បង្កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

                          ចប់